រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានយកកាំបិតចាក់ពោះខ្លួនឯងរបួសធ្ងន់ ដោយសារតែខឹងម្តាយមីងកុំដើរលេងរហូតយប់ៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៤ ធ្នូ ២០១៥ នៅចំណុចផ្ទះជួលមួយកន្លែងនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
នារីរងគ្រោះឈ្មោះ រឿង សុភ័ណ អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណែកម្តាយមីងឈ្មោះ រឿង សាក់ អាយុជាង៣០ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលជិតគ្នាក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
មុនពេលកើតហេតុដោយសារតែនារីរងគ្រោះតែងតែដើរលេងរៀងរាល់យប់រហូតយប់ៗជ្រៅ និងយប់ខ្លះរហូតភ្លឺបានចូលផ្ទះវិញ ម្តាយមីងឃើញដូច្នេះក៏ហៅមកអប់រំណែនាំ តែនារីរងគ្រោះមិនព្រមស្តាប់ក៏បានដើរចូលទៅក្នុងបន្ទប់របស់ខ្លួនដាក់គន្លឹះជាប់ មួយសន្ទុះក្រោយមកអ្នកជិតខាងក៏ឮសំឡេងស្រែកអូយៗ ក៏បានស្រែកហៅម្តាយមីងឲ្យមកជួយមើល ។ ដោយទ្វារដាក់គន្លឹះក៏នាំគ្នាទម្លាយទ្វារចូលស្រាប់តែឃើញនារីរងគ្រោះមានកូនកាំបិតជាប់ពោះបាត់ទៅហើយ ។ ភ្លាមៗនោះក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងនាំនារីរងគ្រោះទៅកាន់មន្ទីរពេទ្យបាយ័ន តែដោយមិនហ៊ានព្យាបាល ក៏នាំនារីរងគ្រោះបន្តមកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីវិញ ៕