Sponsored Links
Advertise


ចិន៖ ការរៀបចំពិធីអាពាហ៍ពិពាហ៍ ត្រូវបានចាត់ទុក ជារឿងដ៏មានសុភមង្គល និងរីករាយជាទីបំផុតសម្រាប់ កូនក្រមុំ និងកំលោះ តែរឿងទាំងនេះ បានប្រែក្លាយជា សោកដនាកម្ម ដោយសារតែ កូនក្រមុំជនជាតិចិន វ័យក្មេងមួយរូប បានជួបឧប្បត្តិហេតុ ដ៏មិននឹកស្មានដល់មួយ ក្នុងថ្ងៃរៀបការរបស់ខ្លួន។

នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៥មុននេះ កូនក្រមុំមួយរូប (មិនបញ្ចេញអត្តសញ្ញាណ) ជាអ្នករស់នៅក្នុងខេត្ដ Shandong ត្រូវបាន ក្រុមមិត្ដភិក្ដកូនកំលោះ នាំគ្នា ចាប់បោះនាង ទៅលើអាកាស នៅពេលដែលនាង ទៅដល់ មាត់ទ្វារសណ្ឋាគារដែលជាទីកន្លែងរៀបចំ ពិធីអាពាហ៍ពិពាហ៍របស់នាង ដើម្បីបន្លាចនាងលេង។ អ្វីដែលមិនរំពឹងទុកនោះ ក្រុមមិត្ដភិក្ដកូនកំលោះនេះ បានបរាជ័យ ក្នុងការចាប់កូនក្រមុំ ដែលពួកគេបាន បោះទៅខាងលើ និងធ្វើឲ្យនាង ធ្លាក់មកដល់ដី ដោយក្បាលចុះមកមុន ទើបបណ្ដាលឲ្យរូបនាង សន្លប់បាត់ស្មារតីភ្លាមៗ។ ក្រោយពីមានហេតុការណ៍នេះ នាងត្រូវបាន ក្រុមគ្រួសារ ទូរស័ព្ទហៅប៉ូលីសរកជំនួយ។

យ៉ាងណាមិញ វីដេអូដែលចេញផ្សាយដោយ ស្ថានីយ៍ទូរទស្សន៍ Shandong បានបង្ហាញឲ្យឃើញ ហេតុការណ៍ដែលកូនក្រមុំ រងរបួស បានប្រញាប់ប្រញាល រុញចូលទៅក្នុងមន្ទីរពេទ្យ Tengzhou People ខណៈដែលនាង នៅស្លៀករ៉ូបរៀបការនៅឡើយ។ យោងទៅតាមសម្ដីប៉ូលីសមួយរូប ដែលមានឈ្មោះថា Zhong Shifeng បាននិយាយប្រាប់ស្ថានីយ៍ ទូរទស្សន៍ ឲ្យដឹងថា ខាងប៉ូលីសបានព្យាយាម ជួយសម្រួលដល់ចរាចរតាមផ្លូវ ដើម្បីងាយស្រួល ដឹក កូនក្រមុំ ទៅកាន់មន្ទីរពេទ្យ ក្នុងរយៈពេលខ្លី។

គួរបញ្ជាក់ថា កូនក្រមុំ បានចាកចេញពី កន្លែងកើតហេតុ ទៅកាន់មន្ទីរពេទ្យ ក្នុងរយៈពេលតែ ៧នាទីប៉ុណ្ណោះ ហើយបើ តាមសម្ដីសមាជិកគ្រួសារនាង បានបន្ថែមឲ្យដឹងថា កូនក្រមុំរងការ ប៉ះទង្គិចខួរក្បាល​បែប ស្រាល មិនធ្ងន់ធ្ងរអ្វីនោះទេ។ នាពេលនេះ នាងមានស្ថានភាព ល្អប្រសើរវិញហើយ ក្រោយពីនាងសម្រាកក្នុង មន្ទីរពេទ្យបាន ២ទៅ៣ថ្ងៃ៕

វីដេអូ ថតនៅពេលដែល គេបញ្ជូនកូនក្រមុំចូលក្នុងមន្ទីរពេទ្យ

ប្រភព៖ khmerload







Sponsored Links
Advertise
 
Top